Wednesday, January 27, 2010

Exchange rate (riel) goes up 2013



ការព្យាករណ៍ : លុយរៀលអាចនឹងឡើងដល់កំរិត ៤.៣៥៥រៀលនៅក្នុងមួយដុល្លារនៅឆ្នាំ២០១៣
ដោយ : សិរី (ថ្ងៃទី 23 មករា 2010)
ភ្នំពេញ: សូចនាករនៃសេដ្ឋកិច្ចមួយបានបង្ហាញថា អត្រាប្តូរប្រាក់របស់កម្ពុជារវាងរូបិយប័ណ្ណជាតិ និងរូបិយប័ណ្ណអន្តរជាតិ ជាពិសេសគឺការអត្រាប្តូរប្រាក់រវាងលុយរៀល និងលុយដុល្លារអាមេរិកនោះ បានឲ្យដឹងថា លុយរៀលរបស់កម្ពុជានឹងឡើងរហូតដល់កំរិត ៤.៣៥៥ រៀលនៅក្នុងមួយដុល្លារនៅឆ្នាំ២០១៣ ខាងមុខ ។

យោងទៅតាមសូចនាករសេដ្ឋកិច្ច ដែលសរសេរនៅក្នុងសៀវភៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម២០០៩-២០១០ របស់រាជរដ្ឋាភិបាល ដែលអ្នកកាសែតទទួលបានកាលពីពេលថ្មីៗកន្លងទៅនេះ បានអះអាងឲ្យដឹងថា ការហើមឡើងនៃលុយរៀលធៀបនឹងដុល្លាររហូតដល់កំរិត ៤.៣៥៥ រៀល នៅក្នុង១ ដុល្លារនេះវាអាចនឹងកើតមានឡើងនៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ។

អត្រាប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា លុយរៀលបានបន្តហើមជានិច្ច បើប្រៀបធៀបនឹងលុយដុល្លារ ហើយសូចនាករខាងលើបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០១០ នេះ អត្រាប្តូរប្រាក់នឹងស្ថិតនៅក្នុងកំរិត ៤.២០៥ រៀលនៅក្នុងមួយដុល្លារ ហើយវានឹងបន្តហើមរហូតដល់កំរិត ៤.៣៥៥ រៀលនៅក្នុងឆ្នាំ២០១៣ ។

ប្រភពដដែលនោះបានឲ្យដឹងទៀតផងដែរថា ពីឆ្នាំ២០១១ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារ គឺនៅក្នុងរង្វង់ ៤.២៥៥ រៀលនៅក្នុងមួយដុល្លារ ហើយហើមទៅដល់ ៤.៣០៥រៀល និងបន្តទៅទៀតរហូតដល់ ៤.៣៤៤រៀល ។

កាលពីឆ្នាំ២០០៨ អត្រាប្តូរប្រាក់របស់កម្ពុជា គឺនៅក្នុងរង្វង់ ៤.០៦០ រៀលទេ តែវាឡើងដល់៤.១៥៥ រៀលនៅក្នុង១ ដុល្លារ ។
អត្រាប្តូរប្រាក់លុយរៀលធៀបនឹងដុល្លារ កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅនេះគឺនៅក្នុងរង្វង់មួយដុល្លារជិត ៤.២០០ រៀល ។ អត្រាទិញចូលនៅក្នុងរង្វង់៤.១៨៥ រៀល ហើយលក់ចេញវិញ គឺនៅក្នុងរង្វង់ ៤.១៩៥ រៀល ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបាននិយាយថា កាលពីឆ្នាំ ២០០៩ កន្លងទៅនេះប្រាក់រៀលបានរងនូវសំពាធចុះថ្លៃធៀបនឹងប្រាក់ដុល្លារ ។ អត្រារប្តូរប្រាក់រៀលមធ្យមប្រចាំឆ្នាំគឺ ៤.១៥៤ រៀល ក្នុងមួយដុល្លារអាមេរិកនៅឆ្នាំ២០០៩ បើធៀបនឹងអត្រាមធ្យមនាឆ្នាំកន្លងទៅ ដែលមានកំរិត ៤.០៦៥ រៀល ក្នុងមួយដុល្លារ ពោលគឺប្រាក់រៀលធ្លាក់ចុះប្រមាណជា ២.៣ ភាគរយ ។

យោងទៅតាមរបាយការណ៍មួយរបស់ធនាគារជាតិកម្ពុជា ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍កន្លងទៅនេះបានឲ្យដឹងថា ការធ្លាក់ចុះនៃលុយរៀលធៀបនឹងដុល្លារ គឺដោយសារតែឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុសាកលលោក ។ របាយការណ៍នេះបានអះអាងថា វិបត្តិនេះបានធ្វើឲ្យវិនិយោគគិនបរទេសដកសាច់ប្រាក់ ជារូបិយប័ណ្ណចេញពីប្រទេសកម្ពុជា ព្រមទាំងភាពទន់ខ្សោយនៃជញ្ជីងទូទាត់ ខណៈពេលដែលចំណាយរដ្ឋាភិបាលមានការកើនឡើង តែសំរាប់ទៅថ្ងៃអនាគតរបាយការណ៍នេះ មិនបានឲ្យដឹងអំពីមូលហេតុទេ ៕

No comments: